អាសូរណាស់! ចុងភៅណាហ្គា(ទី1)ត្រូវរថយន្តកិនស្លាប់គួរឲ្យរន្ធត់
ភ្នំពេញ៖ បុរសម្នាក់ចេញពីធ្វើការជិះម៉ូតូបំណង់ទៅផ្ទះស្រាប់តែរថយន្តហាយឡៃនឌ័រ មិនចាំស្លាកលេខបើកមកពីក្រោយកៀរដួល ស្របពេលដែលរថយន្តកុងតឺន័រ មួយគ្រឿងទៀតបើកមកពីក្រោយកិនចំក្បាលស្លាប់យ៉ាងអាណោចអធម៌
-គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី២០ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារព្រែកឯងតាមបណ្ដោយផ្លូវជាតិ លេខ១ ភូមិក្បាលជ្រោយ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
-ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ស្រេង ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ចុងភៅ នៅណាហ្គា(១) មានស្រុកកំណើត ភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
-បើតាមប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1AD-3154ធ្វើដំណើរម្នាក់ឯងតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណៈ មកដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែមានរថយន្តហាយឡែនឌ័រ មួយគ្រឿងមិនចាំស្លាកលេខ បានបើកមកពីក្រោយកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល ហើយបានឈប់មើលមួយភ្លែត ឃើញសភាពមិនស្រួលក៏បើករថយន្ដចេញទៅបាត់។ ស្របពេលរថយន្តកុងតឺន័រមួយគ្រឿងទៀតមកពីក្រោយស្របទិសគ្នាបានកិនជនរងគ្រោះចំក្បាលបណ្តាលឲ្យ ស្លាប់ភ្លាមៗនៅនិងកន្លែង ក្រោយពីកិនហើយក័បានបន្ថែមល្បឿនបើកគេចបាត់ស្រមោល ។
-ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕