ឆេះហាងសំអាងការ អប្សរា ភ្នំពេញជាប់មនុស្ស៤នាក់នៅក្នុងហាងសំណាងល្អអាជ្ញាធរនិងសមត្ថកិច្ចជួយទាន់
ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះហាងសំអាងការ អប្សរាភ្នំពេញមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍ បាញ់ពន្លត់
ហេតុការគ្រោះអគ្គីភ័យនេះបានកើតឡើងកាលវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៤ខែមេសាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៦៣(ផ្លូវត្រសក់ផ្អែម)កែងផ្លូវលេខ១៨៤សង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីនេះបណ្ដាលមកពីទុសេខ្សែភ្លើងក្នុងបន្ទប់ជាន់ទី៣ទើបបង្កជាអគ្គីភ័យឆាបឆេះកើតឡើងតែម្ដង។ ប្រភពបានបន្តថា ខណៈដែលអគ្គីភ័យកំពុងឆាបឆេះនោះក៏មានមនុស្សចំនួន៤នាក់បានជាប់នៅក្នុងផ្ទះ ធ្វើឲ្យមានការផ្អើលឆោឡោយ៉ាងខ្លាំងសំណាងល្អត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចជំនាញ់ជួយសង្គ្រោះទាន់ពេលវេលា តែក្នុងចំណោម៤នាក់នោះមាននារីម្នាក់រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងត្រូវបានសមត្ថកិច្ចបញ្ចូនទៅមន្ទីពេទ្យភ្លាមៗ និង៣នាក់ទៀតរងរបួសស្រាលមិនមានបញ្ហាអ្វីនោះទេ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍អន្តរាគមន៍ បាញ់ពន្លត់នោះ កម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកពីស្ថាប័នផ្សេងៗនិងបានសហការគ្នាយ៉ាងយកចិត្តទុកដាក់ក្នុងការជួយបាញ់ពន្លត់អគ្គីភ័យខាងលើដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន៣១ឡានទើបរលត់ទៅវិញជាស្ថាព័រ ។
សមត្ថកិច្ចបន្តថា ចំពោះទំហំ នៃការខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈក្នុងផ្ទះរងគ្រោះខាងលើនៅមិនទាន់កំណត់បាននៅឡើយទេ ៕