ឆេះកម្ទេចក្រណាត់រោងចក្រ មីង យ៉ាវ ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ទាំងកណ្ដាលអាធ្រាត
ភ្នំពេញ៖ អគ្គីភ័យឆាបឆេះកម្ទេចក្រណាត់ផ្នែកខាងក្រោយរោងចក្រកាត់ដេរសម្លៀកបំពាក់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៩កុម្ភះឆ្នាំ២០១៩ នៅចំណុច រោងចក្រកាត់សម្លៀកបំពាក់(យីហោ មីងយ៉ាវ)ផ្ទះលេខ៦៤៧ ផ្លូវ៣៧១ ហៅផ្លូវទំនប់ថ្មី សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បើតាមប្រភពពីសន្តិសុខដែលយាមនៅរោងចក្រកើតហេតុបានឲ្យដឹងថា មុនដំបូងរូបគាត់ធំក្លិនឈ្ងៀម រួចបានដើររកមើលស្រាប់តែឃើញផ្សែងហុយចេញពីគំនកម្ទេចក្រណាត់ផ្នែកខាងក្រោយរោងចក្រដែលសល់ពីកាត់សម្លៀកបំពាក់ដែលថៅកែរោងចក្រយកទៅដាក់គរដុតចោល ហើយបានឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅផ្អើលដល់អ្នកនៅក្នុងរោងចក្រ និងប្រជាពលរដ្ឋរស់នៅជិតខាងបាននាំគ្នារាយទុយោបាញ់ទឹកនិងយកបំពង់ពន្លត់អគ្គីភ័យជួយអន្តរាគមន៍បាញ់ពន្លត់អស់ជាច្រើនបំពង់នៅតែមិនរលត់ ទើបបានរាយការណ៍ទៅសមត្ថកិច្ចយករថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿងចុះជួយអន្តរាគមន៍ បាញ់ពន្លត់បន្ថែមទៀត ដោយបានប្រើប្រាស់អស់ទឹកចំនួន៤រថយន្ត ក្នុងពេលអស់រយៈពេលជិតមួយម៉ោងទើបអាចរលត់ទៅវិញទាំងស្រុង។
Read More