ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលដ៏រន្ធត់មួយបានកើតឡើងកាលពីព្រលប់ថ្ងៃទី១៤វិច្ឆិកា២០២០ ខណៈស្ត្រីវ័យជាង៦០ឆ្នាំម្នាក់បានស្លាប់ក្នុងភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែង នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយពីបាក់ស្រុតផ្ទះកញ្ចុះចូលទៅក្នុងស្រះទឹក ។ យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះបានកើតឡើងតាំងពីម៉ោង១០នឹង៣០នាទីព្រឹកមកម្លេះក៏ប៉ុន្តែម្ចាស់ផ្ទះលាក់លៀមមិនបានរាយការណ៍មកសមត្ថកិច្ចនោះទេគឺ សុខចិត្តសង្ងំកកាយរកសព តែអស់ជម្រើស រហូតដល់វេលាម៉ោង៦ព្រលប់ថ្ងៃដដែលទើបបែកធ្លាយផ្អើលអ្នកស្រុក។ ជាមួយគ្នានោះក្រុមគ្រួសារជនរងគ្រោះបានប្រាប់ឲ្យដឹងដែរថា ជនរងគ្រោះមានឈ្មោះហ៊ុន សំបូរ ភេទស្រីអាយុ៦១ឆ្នាំជាស្ត្រីមេម៉ាយស្នាក់នៅក្នុងភូមិភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយមកបំរើការជាកម្មករផ្នែកអនាម័យប្រចាំនៅផ្ទះកើតហេតុខាងលើ។ បេីតាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពួកគាត់ដែលរស់នៅក្បែកន្លែងកើតហេតុបានឮសូរ សម្លេងបាក់ស្រុតរលំផ្ទះកញ្ចុះនោះដែរតែមិនចាប់អារម្មណ៍នឹកគិតថា គេវាយផ្ទះចាស់ចោល ដើម្បីសង់ថ្មី ស្រាប់តែមកដល់ព្រលប់ថ្ងៃដដែលទើបភ្ញាក់ផ្អើលថាមានស្ត្រីម្នាក់បានស្លាប់ក្នុងហេតុការណ៍នោះ។ តាមប្រភពដដែលបានឲ្យដឹងទៀតថា ផ្ទះកញ្ចុះនេះបានបាត់ស្រុតចូលក្នុងស្រះទឹកតាំងពីពេលព្រឹកមកម្លេះ តែម្ចាស់ផ្ទះ មិនទម្លាយព័ត៌មាន បិទទ្វាររបងជិត សង្ងំឲ្យកម្មករកកាយរើ បូមទឹកចេញរហូតអស់លទ្ធភាព រកសពមិនឃើញទើបទម្លាយព័ត៌មានប្រាប់ទៅសាច់ញាតិ ក្នុងភូមិ ទើបផ្អើលឆោឡោនៅល្ងាចថ្ងៃកើតហេតុ ។ ទោះជាយ៉ាងណាក្តី ទីតាំងពីកើតហេតុ ត្រូវបានម្ចាស់ បិទទ្វាររបងជាប់ក្រៅពីសមត្ថកិច្ច មិនអុញាតិឲ្យចូលឡើយ ហើយការងារបូមទឹករើកកាយរកសព នៅតែបន្តអស់ច្រើនម៉ោងនៅតែរកសពមិនទានឃើញ ៕
Read More